ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នៅថ្ងៃទី១១ ធ្នូ ២០២៥។

កិច្ចប្រជុំនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ កិច្ចសហការនេះរួមមានការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ និងកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

លោក ហេង សួរ បានលើកពីបញ្ហាប្រឈមដែលក្រសួងកំពុងដោះស្រាយ ដោយសង្កត់ធ្ងន់ថា ជំនាញខ្លះដែលពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក។ ដូច្នេះ តម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាព។

ក្រសួងក៏នឹងពិចារណាលើលក្ខខណ្ឌការងារសំខាន់ៗក្នុងការបើកឱកាសទីផ្សារការងារក្រៅប្រទេសថ្មីៗជូនពលករបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព (RPL) និងកៀរគរដៃគូអភិវឌ្ឍន៍សម្រាប់គាំទ្រផ្នែកហិរញ្ញវត្ថុ។

ជាការឆ្លើយតប លោកស្រីប្រធានអង្គការ IOM បានឯកភាពតាមសំណូមពររបស់រដ្ឋមន្រ្តី និងស្នើសុំជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូនដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ។

អង្គការ IOM បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

ដោយ៖ តារា
