ទីក្រុងប៉េកាំង៖ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាជើងអាកាសរវាងយន្តហោះចិន និងរុស្ស៊ីកាលពីពេលថ្មីៗនេះ គ្រាន់តែជាសកម្មភាពដែលធ្វើឡើងជាធម្មតាតាមផែនការសហការប្រតិបត្តិការប្រចាំឆ្នាំប៉ុណ្ណោះ។

សមយុទ្ធយោធានោះបានធ្វើឡើងជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយចិនចង់បញ្ជាក់ថា ភាគីទាំងពីរនៅតែប្ដេជ្ញាចិត្តរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ការថ្លែងដូចខាងលើនេះបានមកបន្ទាប់ពីអាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដើម្បីហោះហើរពីលើដែនសមុទ្រជប៉ុន ដោយមានយន្តហោះចម្បាំងរបស់ជប៉ុនហោះអមដំណើរ។

ម៉្យាងទៀត ការថ្លែងនេះក៏ធ្វើឡើងបន្ទាប់ពីប្រទេសចិនទើបតែធ្វើសមយុទ្ធយោធាដោយប្រើប្រាស់នាវាដឹកយន្តហោះរបស់ខ្លួន ជាហេតុធ្វើឱ្យប្រទេសជប៉ុនប្រញាប់ចល័តយន្តហោះចម្បាំងដើម្បីបង្ការខ្លួន។ ប៉ុន្តែយន្តហោះរបស់ជប៉ុនត្រូវបានចិនតម្រង់រ៉ាដាទៅរកដោយប្រើប្រាស់កាំរស្មី។
ការហោះបង្អួតខ្លួននៃយន្តហោះទម្លាក់គ្រាប់បែកខ្នាតធំរបស់អាមេរិកម៉ាកបេ៥២ (B-52) ចំនួន២គ្រឿង រួមជាមួយយន្តហោះប្រដេញម៉ាកអែហ្វ៣៥ (F-35) និងអែហ្វ១៥ (F-15) របស់ជប៉ុន បានធ្វើឡើងបន្ទាប់ពីប្រទេសចិនចាប់ផ្ដើមធ្វើសមយុទ្ធយោធានៅក្នុងតំបន់នោះកាលពីសប្ដាហ៍មុន។

ចំពោះការអះអាងរបស់ជប៉ុនដែលថា មានការប្រទាំងប្រទើសគ្នារវាងយន្តហោះ និងនាវាដឹកយន្តហោះនោះ ចិនថាជប៉ុនចេះតែនិយាយ តាមពិតយន្តហោះជប៉ុនទៅវិញទេដែលធ្វើសកម្មភាពពោរពេញដោយគ្រោះថ្នាក់។
ជប៉ុន និងអាមេរិកបានបញ្ជាក់ជាថ្មីអំពីការរួមគ្នាទប់ស្កាត់ការប៉ុនប៉ងជាឯកតោភាគីណាមួយក្នុងការផ្លាស់ប្ដូរស្ថានការណ៍ដោយកម្លាំង។ ប្រទេសទាំងពីរក៏បានបញ្ជាក់ផងដែរថា ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារខ្លួន។

ទាំងជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែមានមូលដ្ឋានកងទ័ពអាមេរិក។ ជប៉ុនមានមូលដ្ឋានធំជាងកូរ៉េខាងត្បូង និងមានមូលដ្ឋាននាវាដឹកយន្តហោះ និងនាវាមុជទឹករបស់អាមេរិក។
នាយអគ្គសេនាធិការកងទ័ពជប៉ុនយល់ថា ការដែលរុស្ស៊ី និងចិនបើកយន្តហោះខ្នាតធំរួមគ្នានោះច្បាស់ណាស់ជាការព្យាយាមបង្ហាញកម្លាំងរបស់ពួកគេ។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
