
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលទើបឡើងកាន់អំណាចបានត្រឹមតែជាង២ខែប៉ុណ្ណោះ បានធ្វើការប្រកាសរំលាយសភាតែម្តង នៅយប់ថ្ងៃទី១១ធ្នូនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានបង្ហោះសារមួយជាភាសាថៃដែលមានន័យថា៖ «ខ្ញុំប្រគល់អំណាចជូនប្រជាពលរដ្ឋ»។ ការប្រកាសនេះបង្ហាញថា លោកអានុទីនបានសម្រេចចិត្តលែងបន្តដឹកនាំប្រទេស ដោយប្រកាសរំលាយសភាដើម្បីបើកផ្លូវឲ្យប្រជាជនបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលថ្មីម្តងទៀត។
លោក អានុទីន ត្រូវបានសភាបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថៃទី៣២ កាលពីថ្ងៃទី៧កញ្ញា ហើយចាប់ផ្តើមកាន់អំណាចពេញលេញចាប់ពីដើមខែតុលា។ លោកបានកាន់អំណាចនៅប្រទេសថៃត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ មុននឹងប្រកាសរំលាយសភា។
ការសម្រេចចិត្តនេះបង្កើតឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសថៃ ដោយរំពឹងថានឹងមានការបោះឆ្នោតជ្រើសរើសសភាថ្មីក្នុងពេលឆាប់ៗខាងមុខ។
