តូក្យូ៖ ប្រទេសជប៉ុនបានចេញការព្រមានរលកស៊ូណាមីកម្ពស់ ១ម៉ែត្រ ក្រោយពីរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសនេះ នៅថ្ងៃសុក្រ ទី១២ ខែធ្នូ។

ព្រឹត្តិការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧.៥ រ៉ិចទ័របានរំញ័រតំបន់ដដែលនេះ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់រងរបួស។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន ដោយកែប្រែកម្រិតរញ្ជួយដីពី ៦.៥ ទៅ ៦.៧ រ៉ិចទ័រ។ ការព្រមានរលកស៊ូណាមីត្រូវបានចេញសម្រាប់តំបន់ឆ្នេរប៉ាស៊ីហ្វិកភាគខាងជើងនៃប្រទេស។

អាជ្ញាធរជប៉ុនបានដាស់តឿនពលរដ្ឋឱ្យរត់ចេញពីតំបន់ឆ្នេរសមុទ្រ និងរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការត្រួតពិនិត្យរលកសមុទ្រត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ នេះជាលើកទីពីរក្នុងរយៈពេលតែប៉ុន្មានថ្ងៃដែលតំបន់នេះជួបប្រទះនឹងរញ្ជួយដីធ្ងន់ធ្ងរ។
