ថៃឈរក្បែរកំពូលពិភពលោក ជាប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុត

ថៃឈរក្បែរកំពូលពិភពលោក ជាប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុត

ភាពមិនស្មើគ្នានៃសេដ្ឋកិច្ចក្នុងប្រទេសថៃ បានកើនឡើងខ្លាំងកាន់តែអាក្រក់ ដែលធ្វើឱ្យថៃក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុតមួយលើពិភពលោក និងខ្លាំងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Prachatai កាលពីថ្ងៃព្រហស្បតិ៍។

វិសមភាពសេដ្ឋកិច្ចថៃ

របាយការណ៍របស់អង្គការ World Inequality Lab (WIL) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ កត់សម្គាល់ថា វិសមភាពក្នុងប្រទេសថៃ «នៅតែខ្ពស់ ហើយបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក»។ របាយការណ៍បានបង្ហាញជាលម្អិតថា ទាក់ទងនឹងប្រាក់ចំណូល ១០% នៃអ្នករកប្រាក់ចំណូលនៅថៃ រួមចំណែករហូតដល់ ៥២% នៃប្រាក់ចំណូលសរុប។ ចំណែកឯ ៥០% នៃប្រជាជនដែលរកប្រាក់ចំណូលបានតិច រួមចំណែកត្រឹមតែ ១១% ប៉ុណ្ណេះ។

ស្ថានភាពទាក់ទងនឹងទ្រព្យសម្បត្តិវិញ កាន់តែអាក្រក់ថែមទៀត។ ១០% នៃជនជាតិថៃដែលមានជាងគេបំផុត កាន់កាប់ទ្រព្យសម្បត្តិសរុបជិត ២/៣ (៦៥%) ហើយ ១% ក្នុងចំណោមក្រុមអ្នកមានទាំង ១០% នោះ កាន់កាប់ទ្រព្យសម្បត្តិសរុបរហូតដល់ ៣២%។ របាយការណ៍បានរកឃើញផងដែរថា «វិសមភាពនៅតែមានសភាពធ្ងន់ធ្ងរ និងបន្តកើតមាន»។

វិសមភាពសេដ្ឋកិច្ច មិនមែនគ្រាន់តែជាបញ្ហានៃភាពមិនយុត្តិធម៌នោះទេ។ ជាង ១៥ ឆ្នាំមុន សៀវភៅ The Spirit Level របស់លោក Wilkinson និង Pickett បានផ្សារភ្ជាប់វិសមភាពសេដ្ឋកិច្ចជាមួយនឹងលទ្ធផលមិនល្អក្នុងទិដ្ឋភាពជាច្រើន រាប់តាំងពីសុខភាពរាងកាយ និងផ្លូវចិត្តមិនល្អ និងសមិទ្ធផលអប់រំ រហូតដល់អត្រាខ្ពស់នៃការប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ ជាដើម។

administrator

Related Articles