(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានបញ្ជាក់ពីបច្ចុប្បន្នភាពផលប៉ះពាល់ធ្ងន់ធ្ងរពីអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលបានបន្តពីម៉ោង៦ល្ងាចថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

ការល្មើសច្បាប់អន្តរជាតិនិងក្បត់បទឈប់បាញ់នេះបានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន។
ករណីស្លាប់ និងរបួស៖ មានពលរដ្ឋរងរបួសចំនួន២នាក់ (ស្ត្រី៦០ឆ្នាំ និងកុមារអាយុ៨ឆ្នាំ) នៅខេត្តបន្ទាយមានជ័យ។ ដូច្នេះ គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧៖០០ព្រឹក ថ្ងៃទី១២ ខែធ្នូនេះ មានពលរដ្ឋខ្មែរស្លាប់សរុបចំនួន១១នាក់ និងរងរបួសចំនួន៧៦នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ។

ករណីភៀសសឹក៖ ចំនួនជនភៀសសឹកបានកើនដល់៨១,៣៨១គ្រួសារ ស្មើនឹងមនុស្ស២៧៤,៤០៣នាក់។ ក្នុងនោះ ខេត្តបន្ទាយមានជ័យមានជនភៀសសឹកកើនដល់៣៦,១៣០គ្រួសារ ស្មើនឹងមនុស្ស១២៤,៣០៥នាក់ ខេត្តសៀមរាប២០,៥១៩គ្រួសារ ស្មើនឹង៦៦,៤២១នាក់ ខេត្តឧត្ដរមានជ័យ១១,២០៥គ្រួសារ ស្មើនឹង៣៨,៥៦៨នាក់ និងខេត្តព្រះវិហារ៧,០៩៤គ្រួសារ ស្មើនឹង២៤,១៩១នាក់។

ចំនួនប្រជាពលរដ្ឋភៀសសឹកនេះគិតតែតាមមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលដែនដីខេត្តប៉ុណ្ណោះ មិនរាប់បញ្ចូលចំនួនប្រជាពលរដ្ឋភៀសសឹកដែលស្វ័យភៀសសឹកដោយខ្លួនឯងទៅកាន់ទីកន្លែងសុវត្ថិភាពផ្សេងៗទៀតឡើយ។

រហូតមកដល់ព្រឹកនេះនៅតែបន្តមានពលរដ្ឋភៀសសឹកទៅកាន់តំបន់សុវត្ថិភាពគ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធជាបន្តបន្ទាប់។

ផ្ដល់សិទ្ធិដោយ៖ Fresh News
