អភិបាលរងខេត្តក្រចេះ លោក ហង្ស ចាន់ឌី បានជម្រុញណែនាំឱ្យកងកម្លាំងនគរបាលខេត្តត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងជាប្រចាំ ដើម្បីអន្តរាគមន៍បង្ការគ្រោះអគ្គិភ័យនាឆ្នាំ២០២៦។

ការណែនាំនេះធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នាថ្ងៃទី១១ ធ្នូ ២០២៥។
លោកអភិបាលរងបានជំរុញឱ្យកងកម្លាំងចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមជនបទដាច់ស្រយាល ឱ្យយល់ដឹងពីការបង្ការការពារពីភ្លើងឆេះផ្ទះ និងចេះរក្សាទុកដាក់ឯកសារសំខាន់ៗដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត នៅកន្លែងមានសុវត្ថិភាព។
យោងតាមរបាយការណ៍ នៅឆ្នាំ២០២៥ គ្រោះអគ្គិភ័យនៅខេត្តក្រចេះបានកើតឡើង ២២ លើក ថយចុះ ៨ លើក (២៧%) បើប្រៀបធៀបនឹងឆ្នាំ២០២៤។ គ្រោះថ្នាក់ទាំងនេះបណ្តាលឱ្យមានមនុស្សស្លាប់ ៣ នាក់ (ស្រី ២ នាក់) ឆេះផ្ទះ ១៥ ខ្នង និងកន្លែងផ្សេងៗទៀត។
អត្ថបទ៖ ប្រុញ វិធិន
