ព្រំដែនកម្ពុជា-ថៃបានស្ងប់ស្ងាត់បន្ទាប់ពីការអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១១ធ្នូ ប៉ុន្តែនៅសភាថៃវិញ សមាជិកសភាពីគណបក្សនយោបាយផ្សេងៗកំពុងតឹងសរសៃដាក់គ្នាយ៉ាងខ្លាំងក្នុងរឿងកែប្រែរដ្ឋធម្មនុញ្ញ។

យោងតាមការរាយការណ៍ពីសារព័ត៌មានថៃ នាយករដ្ឋមន្ត្រីអានុទីន ឆានវីរៈគុល បានស្នើព្រះរាជក្រឹត្យរំលាយសភាទៅកាន់ស្ថាប័នព្រះមហាក្សត្ររួចហើយ ដើម្បីរំលាយសភាមុនកាលកំណត់ និងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។
ការស្នើរំលាយសភានាពេលនេះនឹងរារាំងដល់ដំណើរការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថៃ ដែលគណបក្សប្រជាជន និងគណបក្សភឿថៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ មិនពេញចិត្ត ដោយសារច្បាប់នោះលម្អៀងទៅរកស្ថាប័នព្រះមហាក្សត្រ និងក្រុមយោធា។

ការរំលាយសភានាពេលនេះបានសេចក្តីថា ច្បាប់រដ្ឋធម្មនុញ្ញដែលប៉ងកែប្រែនឹងត្រូវរាំងស្ទះ ហើយការបោះឆ្នោតបន្ទាប់ក៏នឹងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានស្រាប់ ដែលក្រុមយោធានៅតែមានអំណាចក្នុងព្រឹទ្ធសភាដ៏ខ្លាំង។
ស្ទើរតែចូលអធ្រាត្រទៅហើយ ប៉ុន្តែជម្លោះក្នុងសភាថៃបន្តកើតមាន ជុំវិញរឿងលោកអានុទីនដាក់ថ្វាយព្រះរាជក្រឹត្យដើម្បីរំលាយសភា មុនច្បាប់កែប្រែរដ្ឋធម្មនុញ្ញបានចេញជាស្ថាពរ។

