រាជធានីភ្នំពេញ – ការសម្រេចចិត្តរំលាយសភារបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានរីរៈគុណ បានបង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចថៃ នៅពេលដែលសង្រ្គាមឈ្លានពានកម្ពុជាបន្តអូសបន្លាយ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer មហាក្សត្រថៃបានចេញព្រះរាជក្រឹត្យរំលាយសភាតាមសំណើររបស់លោក អានុទីន ដោយលើកឡើងពីអស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ រួមទាំងអរិភាពនៅតាមព្រំដែនថៃ-កម្ពុជា។
ការរំលាយសភានេះនឹងបើកផ្លូវឱ្យមានការបោះឆ្នោតថ្មីក្នុងចន្លោះពេល ៤០-៦០ ថ្ងៃខាងមុខ ដែលលឿនជាងការសន្យាដើមឆ្នាំ ២០២៦។
អ្នកវិភាគបានព្រមានថា ការវិវត្តចុងក្រោយនេះបង្ហាញពីអស្ថិរភាពនយោបាយក្នុងស្រុកថៃដែលបន្តអូសបន្លាយ ប៉ះពាល់ដល់ទំនុកចិត្តសហគមន៍អន្តរជាតិ និងគំរាមកំហែងប្រព័ន្ធសភា។

លំហូរទំនិញតាមច្រកព្រំដែនគោកថៃ-កម្ពុជា ត្រូវបានធ្លាក់ចុះស្ទើរតែស្រុងរាប់តាំងពីពេលយោធាថៃបិទច្រក។ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ ធ្លាប់បានព្យាករណ៍ថា ថៃអាចខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ ១០០ ប៊ីលានបាត ប្រសិនបើភាពតានតឹងជាមួយកម្ពុជាបន្តអូសបន្លាយ។
សារព័ត៌មាន Bloomberg បានចុះផ្សាយថា ថៃកំពុងឃើញលំហូរប្រាក់ចេញក្រៅប្រទេសកាន់តែច្រើន ខណៈវិនិយោគិនក្នុងស្រុកបានផ្លាស់ប្តូរមូលនិធិទៅក្រៅប្រទេស។
ជម្លោះព្រំដែនជាមួយកម្ពុជាក៏មានហានិភ័យសម្រាប់ការចរចាពាណិជ្ជកម្មពាក់ព័ន្ធពន្ធរវាងថៃ និងសហរដ្ឋអាមេរិក ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើការគំរាមកំហែងផ្លូវពន្ធ។
ថៃមានសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតមួយ ក្នុងទំហំសរុបប្រមាណ ៦៣,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។
