ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកសាងសំណុំរឿងបញ្ជូនម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយបន្ទះបញ្ចុះកម្តៅ Cool-Kid ក្លែងក្លាយ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ធ្នូ ២០២៥។

ការចាប់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងជំនាញបានឆែកឆេររកឃើញផលិតផលបន្ទះបញ្ចុះកម្តៅម៉ាក Cool-Kid ក្លែងក្លាយ និងសម្ភារៈខុសច្បាប់ជាច្រើនផ្សេងទៀតនៅទីតាំងស្តុកមួយក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យជាម្ចាស់ទីតាំងមានឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៤ ធ្នូ ២០២៥ នៅផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

កាលពីថ្ងៃទី៤ ធ្នូ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចុះបង្រ្កាបទីតាំងស្តុកនេះ។
ក្នុងការប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញផលិតផល Cool-Kid ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច រួមជាមួយសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន ៧មុខផ្សេងទៀត។

ក្រោយពីឆែកឆេរទីតាំងខាងលើ សមត្ថកិច្ចជំនាញបានសម្រេចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត។

បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនិតិវិធីច្បាប់បន្តទៀត។ ការប្រតិបត្តិការនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរក្នុងការប្រឆាំងនឹងបទល្មើសកម្មសិទ្ធិបញ្ញា និងការលក់ផលិតផលក្លែងក្លាយនៅក្នុងទីផ្សារកម្ពុជា។
