អំពើពុករលួយ ភាពក្រីក្រ និងជម្លោះយោធានៅព្រំដែន ក្លាយជាកង្វល់ធំៗបំផុតសម្រាប់ប្រជាជនថៃ នៅឆមាសទី ២ ឆ្នាំ ២០២៥ នេះ ខណៈការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចនៅតែបន្តរារាំងដល់ការចំណាយរបស់ប្រជាជន ហើយការក្លែងបន្លំ ឬចារកម្មអនឡាញ ត្រូវបានរាប់ចាត់ទុកថាជាហានិភ័យធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ របាយការណ៍បាននិយាយផងដែរថា ក្រៅពីការប្រុងប្រយ័ត្នផ្នែកសេដ្ឋកិច្ច អ្នកឆ្លើយតបភាគច្រើន បាននិយាយថា ឆ្នាំ ២០២៥ ជាឆ្នាំអាក្រក់សម្រាប់ពួកគេ និងសម្រាប់់ប្រទេសថៃទាំងមូល។
លោកស្រី Pimtai Suwannasuk មន្ត្រីជាន់ខ្ពស់ផ្នែកអតិថិជននៅ Ipsos បាននិយាយថា៖ «ក្តីបារម្ភរបស់ប្រទេសថៃគ្របដណ្ដប់ទៅដោយបញ្ហារចនាសម្ព័ន្ធក្នុងស្រុក ដោយអំពើពុករលួយបានក្លាយជាក្តីបារម្ភធំបំផុត។ ប្រហែល ៤៩% នៃអ្នកឆ្លើយតប បានចាត់ទុកអំពើពុករលួយផ្នែកហិរញ្ញវត្ថុ និងនយោបាយ ជាក្តីបារម្ភកំពូលរបស់ពួកគេ»។
លោកស្រីបាននិយាយថា លទ្ធផលនៃការស្ទង់មតិ មកពីរបាយការណ៍ «អ្វីដែលធ្វើឱ្យប្រទេសថៃព្រួយបារម្ភ? របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ ២០២៥»។ របាយការណ៍នេះ ប្រមូលទិន្នន័យពី ៣០ ប្រទេស រួមទាំងអ្នកឆ្លើយតបចំនួន ៥០០ នាក់ក្នុងប្រទេសថៃចន្លោះខែសីហា និងខែវិច្ឆិកា ឆ្នាំនេះ។

បន្ថែមពីលើនេះ លោកស្រី Pimtai បានឱ្យដឹងថា ភាពក្រីក្រ និងវិសមភាពសង្គម នៅតែជាបញ្ហាធំទី២ ដែលជាកង្វល់សម្រាប់អ្នកឆ្លើយតប ៣៦%។
ក្រៅពីនោះ ក្តីបារម្ភអំពីជម្លោះយោធាបានថយចុះបន្តិច ដោយធ្លាក់ចុះមកចំណាត់ថ្នាក់ទី ៣ ត្រឹម ២៩% ទោះបីជាបញ្ហានេះ នៅតែបន្តដាក់បន្ទុកយ៉ាងខ្លាំងទៅលើអារម្មណ៍សាធារណជនថៃក៏ដោយ។
លោកស្រី Pimtai បាននិយាយផងដែរថា ឧក្រិដ្ឋកម្ម និងអំពើហិង្សា បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៤ ឡើងវិញ ដោយកើនឡើងដល់ ២៧% នៃអ្នកឆ្លើយតប។ ប្រហែល ៧៧% នៃអ្នកឆ្លើយតប មានអារម្មណ៍ថា ពិភពលោកមានគ្រោះថ្នាក់ជាងមួយឆ្នាំមុនៗ ខណៈជិត ៨៨% ភ័យខ្លាចពីការហែកតាមអនឡាញ (hack) ដើម្បីក្លែងបន្លំ ឬចារកម្ម ដោយ ៧៦% យល់ឃើញថា បញ្ហានេះជាការគំរាមកំហែងពិតប្រាកដចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។

ជារួម ប្រជាជនថៃ ៥៧% បាននិយាយថា ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏អាក្រក់សម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ហើយ ៧៤% និយាយថា វាជាឆ្នាំដ៏អាក្រក់សម្រាប់ប្រទេសថៃ ដែលកើនឡើង ៩% ធៀបនឹងឆ្នាំមុន។
ភាពទុទិដ្ឋិនិយមនេះ បាននាំឱ្យមានអារម្មណ៍នឹករលឹកអតីតកាលយ៉ាងខ្លាំង ដោយអ្នកឆ្លើយតបថៃ ៣៨% បាននិយាយថា ពួកគេចង់កើតនៅឆ្នាំ ១៩៧៥ ជាង ដោយជឿថា កាលនោះមានភាពសុខសាន្តជាងពេលបច្ចុប្បន្ន៕
