
ភ្នំពេញ – ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Narong Klanwarin បានបញ្ជាក់ថា ស្ថាប័នរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិថ្មី ដោយអាចនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Narong បានឲ្យដឹងតាមរយៈកាសែត The Nation ថា គណៈកម្មការនឹងប្រជុំនៅថ្ងៃទី១៥-១៦ ខែធ្នូនេះ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរំលាយសភាតំណាងរាស្រ្ត។

«ខ្ញុំគិតថា នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ អ្វីៗនឹងមានភាពច្បាស់លាស់។ ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ចប់កាលវិភាគបោះឆ្នោត ហើយយើងត្រៀមខ្លួនរួចរាល់ហើយ» លោក Narong បានមានប្រសាសន៍។
ការរៀបចំការបោះឆ្នោតសាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រូវរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។

លោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ នេះជាការរំលាយសភាលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។
