ជនសង្ស័យផ្តួលម៉ូតូបាញ់សមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវឃាត់ខ្លួននៅឫស្សីកែវ

ជនសង្ស័យផ្តួលម៉ូតូបាញ់សមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវឃាត់ខ្លួននៅឫស្សីកែវ

ហេតុការណ៍បាញ់កាំភ្លើង

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ដែលដកកាំភ្លើងខ្លីបាញ់ទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខសាលាឯកជនមួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ។

ទីកន្លែងកើតហេតុ

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការល្បាតនិងត្រួតពិនិត្យក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យ ក៏ធ្វើការឃាត់និងសាកសួរនាំ។ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូនោះទេ ក៏បានព្យាយាមជិះគេចខ្លួនតែម្តង។

ការប្រដេញតាម

ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការប្រដេញតាមពីក្រោយ ចាប់ពីមុខសាលាឯកជនមួយកន្លែង នៅផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ក្រោមស្ពានជ្រោយចង្វារ។ ជនសង្ស័យបានធ្វើសកម្មភាពផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីពីចង្កេះខោបាញ់សម្តៅទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់ ហើយព្យាយាមរត់គេចខ្លួនដោយថ្មើរជើង។

កាំភ្លើងដែលបានប្រើ

អ្នកឃើញហេតុការណ៍បានបន្ថែមថា គេបានឃើញជនសង្ស័យបាញ់សម្តៅទៅកាន់សមត្ថកិច្ចរួច បោះកាំភ្លើងខ្លីនោះចោល ហើយរត់សម្តៅទៅរង្វង់មូលគួចកាណុង តែត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយរហូតឃាត់ខ្លួនបានសម្រេច។

ការឃាត់ខ្លួន

គួរបញ្ជាក់ថា ករណីបាញ់ទៅលើសមត្ថកិច្ចខាងលើនេះ មិនបានបង្កអោយមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរនាំ និងស្រាវជ្រាវប្រវត្តិរូប និងកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី។

អត្ថបទសរសេរដោយ យឹម ឈឿន
កែសម្រួលដោយ ធីតា

administrator

Related Articles