ខេត្តកណ្ដាល – នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ពីការចាប់ខ្លួនបុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ក្រោយពីធ្វើសកម្មភាពចាប់រំលោភស្ត្រីវ័យក្មេងអាយុ១៨ឆ្នាំរហូតដល់៣ដង។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន វឿន អាយុ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើឃាតកម្មដ៏សាហាវមួយ។ ជនសង្ស័យនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល១ឆ្នាំពីបទរក្សាទុកគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០:៤០នាទី ថ្ងៃទី១០ ធ្នូ ២០២៥ នៅចម្ការស្វាយស្ងាត់មួយកន្លែង ក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

តាមការបញ្ជាក់ពីមន្ត្រីនគរបាល នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានពឹងឲ្យជនសង្ស័យជិះម៉ូតូឌុបខ្លួនទៅផ្ទះមិត្តភក្តិដើម្បីទៅឃាត់កុំឲ្យហៅប្តីរបស់ខ្លួនទៅធ្វើការនៅជិតព្រំដែនវៀតណាម។ ក្រោយពីនិយាយរួច ជនសង្ស័យបានបបួលផឹកស្រាបៀរ រួចក៏ឌុបស្ត្រីរងគ្រោះទៅកន្លែងស្ងាត់។

“ជនសង្ស័យបានបត់ចូលទៅក្នុងចម្ការស្វាយ រួចធ្វើសកម្មភាពចាប់បង្ខំរំលោភស្ត្រីរងគ្រោះរហូតបានសម្រេច៣លើក មុននឹងគេចខ្លួនបាត់” លោកអធិការបានពន្យល់។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យបានយ៉ាងរហ័ស។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទទួលស្គាល់ទាំងស្រុង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
