ភ្នំពេញ – ទិន្នន័យថ្មីបំផុតពីអគ្គរដ្ឋបាលគយចិនបង្ហាញថា ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសចិនបានរក្សាកំណើនជាប់ៗគ្នារយៈពេល១០ខែ ដោយការប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិបន្តមាននិន្នាការកើនឡើងជាលំដាប់។

ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសដែលរួមកសាង«ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦% ស្មើនឹង៥១.៨%នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន។
អាស៊ានបន្តកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយមានទំហំពាណិជ្ជកម្ម៦.៨២ទ្រីលានយាន់ប្រាក់ចិន កើនឡើង៨.៥% ចំណែកសហភាពអឺរ៉ុបជាដៃគូធំទីពីរដោយមានទំហំ៥.៣៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.៤%។

ទោះបីជាប្រឈមមុខនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកនិងជម្លោះពាណិជ្ជកម្មអន្តរជាតិក៏ដោយ ក៏ពាណិជ្ជកម្មចិននៅតែមានភាពធន់និងរក្សាកំណើនគួរឱ្យកត់សម្គាល់។ កត្តាសំខាន់មួយគឺការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធនាំចេញ ដែលធ្វើឱ្យខ្សែច្រវាក់ឧស្សាហកម្មនិងផ្គត់ផ្គង់មានភាពពេញលេញ។
ចិនមានផលិតផលឧស្សាហកម្មជាង២០០ប្រភេទស្ថិតនៅលំដាប់ទី១លើពិភពលោក រួមមានរថយន្តអគ្គិសនី អាគុយ និងមនុស្សយន្តឧស្សាហកម្មជាដើម។ ការច្នៃប្រឌិតរូបមន្តពាណិជ្ជកម្មថ្មី និងការធ្វើឌីជីថលភាវូបនីយកម្មក៏ជាកត្តាជំរុញសំខាន់នៃកំណើននាំចេញ។

ការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យដល់កំណែ៣.០ ដែលទើបចុះហត្ថលេខាក្នុងឆ្នាំនេះ បានក្លាយជាសមិទ្ធផលជានិមិត្តសញ្ញាមួយសម្រាប់ការគាំពារនិងធ្វើឱ្យស៊ីជម្រៅនូវពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាន។
លោក ស៊ី ជីនពីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ ប្រទេសចិននឹងពង្រឹងជំនឿចិត្ត និងប្រកាន់ខ្ជាប់នូវការធ្វើការងាររបស់ខ្លួនឱ្យបានល្អ និងជំរុញការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់។
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
