ភ្នំពេញ៖ ការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជាចេញពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ គឺស្របទៅតាមគោលនយោបាយការពារអត្តពលិករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលធានាសុវត្ថិភាពពេញលេញដល់អត្តពលិកទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្ត។

លោក ថោង ខុន បានពន្យល់ថា ការសម្រេចចិត្តនេះមកពីការព្រួយបារម្ភពីសុវត្ថិភាពអារម្មណ៍របស់អត្តពលិកកម្ពុជា ដែលមិនអាចចូលរួមប្រកួតដោយសុខចិត្តនៅក្នុងប្រទេសម្ចាស់ផ្ទះដែលកំពុងមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ នេះធ្វើឱ្យអត្តពលិកមិនអាចបង្ហាញសមត្ថភាពកីឡារបស់ពួកគេបានពេញលេញ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ និងការបង្ហូតទង់ជាតិ។ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និង IOC មិនអាចរិះគន់លើការសម្រេចចិត្តនេះបានទេ។

គោលការណ៍ស្នូលរបស់ IOC បានបញ្ជាក់យ៉ាងច្បាស់ថា អត្តពលិកគឺជាបេះដូងនៃចលនាអូឡាំពិក ដែលតម្រូវឱ្យមានការគាំទ្រ និងការពារទាំងក្នុង និងក្រៅទីលានប្រកួត។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីស៊ីហ្គេមទី៣៣ គឺស្របទៅតាមធម្មនុញ្ញអូឡាំពិក និងស្មារតីរបស់ចលនាអូឡាំពិក។
ជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើពហិការមិនចូលរួមក្នុងកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ដោយសារការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនលើការទាមទារប្រាសាទព្រះវិហារ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបំពេញតួនាទីល្អប្រពៃក្នុងការគាំទ្រដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ជាពិសេសក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការសម្រេចចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាចំពោះសុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់អត្តពលិក ដែលស្របនឹងស្មារតីអូឡាំពិកសកល។
ដោយ៖ តារា
