ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យណាមួយឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។

ក្នុងការតស៊ូប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានដែលចង់បានទឹកដីកម្ពុជា លោកស្រីបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិ។

លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរ និងអធិបតេយ្យភាពដោយអង់អាចក្លាហាន និងដោយមិនងាករេដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។
វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិក៏បានបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិតេយ្យរបស់កម្ពុជា ដូចដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដី និងប្រជាជនទោះក្នុងតម្លៃណាក៏ដោយ។
ដោយ៖ តារា
