វ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជោគជ័យនៃការឈប់បាញ់រវាងថៃ និងកម្ពុជា នៅពាក់កណ្ដាលយប់រំលងអធ្រាត្រចូលថ្ងៃសៅរ៍ទី ១៣ ធ្នូ នេះ។

ការប្រកាសដ៏សំខាន់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសន្ទនាទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីភាពតានតឹងព្រំដែនដែលកើតឡើងថ្មី។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា៖ «ពួកគេបានយល់ព្រមលើការឈប់បាញ់ទាំងអស់ ដោយចូលជាធរមានពីល្ងាចនេះទៅ ហើយត្រឡប់ទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម»។

អ្វីដែលគួរឱ្យកត់សម្គាល់គឺលោក ត្រាំ បានហៅការដើរជាន់មីនដែលធ្វើឱ្យទាហានថៃស្លាប់ និងរបួសជាច្រើននាក់នោះជា «គ្រោះថ្នាក់ដោយចៃដន្យ» ប៉ុន្តែទទួលស្គាល់ថា «ថៃបានសងសឹកយ៉ាងខ្លាំងក្លា»។
លោកបានបន្តថា ប្រទេសទាំង២បានត្រៀមខ្លួនសម្រាប់សន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកក៏បានអរគុណដល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការសម្របសម្រួល។
ជម្លោះចុងក្រោយបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយកម្ពុជាចោទប្រកាន់ថៃថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព។ ការវាយប្រហាររបស់ថៃបានធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់១១នាក់ និងរបួសជាង៧០នាក់។

លោក អានុទីន បានទទូចថា ថៃមិនដែលបំពានលក្ខខណ្ឌ និងមិនមែនជាអ្នកឈ្លានពាន ដោយសកម្មភាពយោធាធ្វើឡើងដើម្បីការពារអធិបតេយ្យភាព ទឹកដី និងសុវត្ថិភាពពលរដ្ឋថៃប៉ុណ្ណោះ។
