ភ្នំពេញ៖ កងទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំគោលដៅស្ពានជ័យជំនះ នៅក្នុងភូមិសាស្ត្រថ្មដា នៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរនេះថា៖
នៅម៉ោង ០៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ១គ្រាប់។ បន្ទាប់មកនៅម៉ោង ០៦:០៧នាទី ពួកគេបានបាញ់កម្ទេចស្ពានជ័យជំនះម្តងទៀត ១គ្រាប់ទៀត។ នៅម៉ោង ០៦:១២នាទី ពួកគេបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។
ស្ពានជ័យជំនះ ឬស្ពានមេទឹក គឺជាស្ពានបេតុងប្រេកុងត្រាំង ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក។ ស្ពាននេះស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ ដែលមានប្រវែង ១៨០ម៉ែត្រ និងទទឹង ១០ម៉ែត្រ។

ស្ពាននេះត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC ដែលមានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រ តាមផ្លូវបត់បែន និងប្រហែល ៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន។ វាជាច្រកងាយស្រួលតែមួយគត់ដែលភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។
លោក ផន រឹម បានបន្តថា៖ “យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវៀង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។”

ស្ពាននេះមានចំនួន ៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង ២០ម៉ែត្រ។ ការទម្លាក់គ្រាប់បែកនេះបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់នេះ។
