រាជធានីភ្នំពេញ៖ យោធាឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ កម្ទេចសណ្ឋាគារមួយកន្លែង និងស្ពានចំនួន៣កន្លែង នៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការវាយប្រហារបានចាប់ផ្ដើមនៅម៉ោង០៥:៥០នាទី ដោយយោធាថៃបានទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារមួយគ្រាប់។ ប៉ុន្មាននាទីក្រោយមក នៅម៉ោង០៥:៥៥ គ្រាប់បែកមួយគ្រាប់ទៀតត្រូវបានទម្លាក់លើសណ្ឋាគារដដែល។

ការវាយប្រហារបានបន្តដោយគោលដៅស្ពានជ័យជំនះ ដែលនៅម៉ោង០៦:០២ ស្ពានត្រូវបានវាយប្រហារដោយគ្រាប់បែកមួយគ្រាប់។ បន្ទាប់មកនៅម៉ោង០៦:០៧ និង០៦:១២ ស្ពានជ័យជំនះ (ស្ពានចាស់) ត្រូវបានវាយប្រហារទៀតដោយគ្រាប់បែកពីរគ្រាប់ទៀត។

អ្នកនាំពាក្យបានឲ្យដឹងបន្ថែមថា យន្តហោះយោធាថៃនៅបន្តសកម្មភាពទម្លាក់គ្រាប់បែក និងមិនទាន់បញ្ឈប់ការវាយប្រហារនៅឡើយទេ។ ការវាយប្រហារនេះបង្ហាញពីការពង្រីកគោលដៅរបស់យោធាថៃមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅកម្ពុជា។

ក្រសួងការពារជាតិកម្ពុជាបានធ្វើការតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងរៀបចំផែនការការពារប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងវាយតម្លៃការខូចខាត និងរៀបចំជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
