ខេត្តកោះកុង៖ ស្ថានភាពអាសន្នបានកើតឡើងនៅពេលយប់ នៅពេលដែលកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្ទុះអាវុធចូលមកក្នុងទឹកដីកោះយ៉ ខេត្តកោះកុង នាម៉ោង ០៣:០០ ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខេត្តកោះកុងបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុវត្ថិភាពផ្សេងៗ បន្ទាប់ពីឮសូរផ្ទុះអាវុធពីទិសឆ្នេរកោះយ៉។ ការបាញ់ប្រហារនេះបានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងត្រូវជម្លៀសខ្លួនទាំងយប់។

រដ្ឋបាលខេត្តកោះកុងបានរៀបចំទីជម្រកសុវត្ថិភាពជាបន្ទាន់នៅតាមស្រុកផ្សេងៗ។ នៅស្រុកកោះកុងមានទីតាំង៤កន្លែង រួមមាន៖ វត្តត្រពាំងរូង, ស្នាក់ការបក្សស្រុក+សាលាស្រុក, វិទ្យាល័យត្រពាំងរូង និងស្នាក់ការក្រុមហ៊ុនធ្វើផ្លូវ។

ចំណែកនៅស្រុកបូទុមសាគរក៏មានទីតាំង៤កន្លែងដែរ ដូចជា៖ វិទ្យាល័យបូទុមសាគរ, ស្នាក់ការបក្សស្រុក និងសាលាស្រុក, វត្តអណ្តូងទឹក និងវត្តកណ្តោល។ រដ្ឋបាលខេត្តក៏កំពុងត្រៀមរៀបចំទីតាំងនៅស្រុកស្រែអំបិល នៅអនុវិទ្យាល័យជីខ។

បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងស្ថិតនៅក្នុងស្ថានភាពជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីជម្រកសុវត្ថិភាពដើម្បីរក្សាជីវិត។ លោកជំទាវ ឈីវ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់ពីស្ថានភាព និងកំពុងដឹកនាំក្រុមការងារដើម្បីដោះស្រាយស្ថានការណ៍នេះ។
ប្រភពផ្លូវការ៖ លោកជំទាវ ឈីវ៉ា អភិបាលខេត្តកោះកុង
