ភាគីថៃឈ្លានពានបន្តវាយប្រហារតំបន់ស៊ីវិលកម្ពុជា បណ្តាលជនភៀសខ្លួនកើនជិត ៣៣២ពាន់នាក់

ភាគីថៃឈ្លានពានបន្តវាយប្រហារតំបន់ស៊ីវិលកម្ពុជា បណ្តាលជនភៀសខ្លួនកើនជិត ៣៣២ពាន់នាក់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថ្មីអំពីស្ថានភាពឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលបន្តវាយប្រហារតំបន់ស៊ីវិលយ៉ាងធ្ងន់ធ្ងរចាប់ពីម៉ោង១រសៀលដល់ម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានភាពឈ្លានពាន

ក្រោមការវាយប្រហារដោយអាវុធគ្រប់ធុនរបស់ភាគីថៃ ស្ថានភាពបច្ចុប្បន្នបង្ហាញពីការខូចខាតធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានផ្ទះសំបែង អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ និងផ្លូវថ្នល់។ សេវាជាមូលដ្ឋានដូចជាសេវារដ្ឋបាល សុខាភិបាល និងអប់រំត្រូវបានផ្អាកស្ទើរទាំងស្រុង។

ទិន្នន័យចុងក្រោយបង្ហាញថា ជនភៀសខ្លួនបានកើនឡើងដល់ ៣៣១,១៥៨នាក់ ក្នុងនោះមានស្ត្រី ១៧៨,៧៣៣នាក់ និងកុមារ ៨៤,០៩៤នាក់។ ចំនួនគ្រួសារភៀសខ្លួនសរុបមាន ៩៨,៥៩៨គ្រួសារ ដែលកើនឡើង ៨,៩១១គ្រួសារពីការវាយប្រហារថ្មី។

ក្រសួងមហាផ្ទៃបានបញ្ជាក់ពីការគាំទ្រយុទ្ធសាស្ត្រការពារជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី។

រហូតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន ១១នាក់ និងរបួស ៥៩នាក់ ដោយពុំមានករណីស្លាប់ និងរបួសថ្មីក្នុងរយៈពេលវាយប្រហារថ្មីនេះទេ។

administrator

Related Articles