ជប៉ុនប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិម្តងទៀត ក្រោយការរញ្ជួយដីកម្រិត៦.៧ រ៉ិចទ័របានវាយប្រហារតំបន់ភាគឦសាននៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាការរញ្ជួយដីលើកទីពីរក្នុងរយៈពេលតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័រដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍ថា ការរញ្ជួយដីថ្មីនេះបានកើតឡើងនៅម៉ោង១១:៤៤នាទីព្រឹក នៅជម្រៅ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Aomori។ អាជ្ញាធរបានចេញសេចក្តីព្រមានអំពីលទ្ធភាពនៃរលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់មួយម៉ែត្រ។
“រលកស៊ូណាមិអាចនឹងទៅដល់តំបន់ឆ្នេរចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ” ជាសារព្រមានពី JMA ដែលបានជំរុញឲ្យប្រជាពលរដ្ឋនៅឆ្ងាយពីតំបន់ឆ្នេរ និងមាត់សមុទ្រ។ អាជ្ញាធរបានព្រមានបន្ថែមថា កម្រិតទឹកអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស។

ការរញ្ជួយដីនៅថ្ងៃសុក្រនេះ បានកើតឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងបន្តជម្រះកម្ទេចកម្ទី និងជួយសង្គ្រោះជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័រ កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំនៅផ្នែកខ្លះនៃកោះ Honshu ភាគខាងជើង។
អាជ្ញាធរជប៉ុនបានរាយការណ៍ថា ចំនួនអ្នករបួសបានកើនឡើងដល់៣០នាក់ ហើយការសង្គ្រោះនៅតែបន្តដោយប្រញាប់ប្រញាល់ទៅតាមតំបន់ដែលរងផលប៉ះពាល់។
