រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកយុទ្ធនាការបញ្ជ្រាបកម្មវិធីអប់រំគុណតម្លៃអូឡាំពិក (OVEP) ឆ្នាំ២០២៥ ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ។

កម្មវិធីនេះមានសិស្សានុសិស្សប្រមាណ ១០០នាក់ចូលរួម ដោយមានឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC ធ្វើជាវាគ្មិនប្រចាំកម្មវិធី។ លោកបានបញ្ជាក់ថា ក្រុមការងារបានទទួលការអនុញ្ញាតពីថ្នាក់ដឹកនាំអូឡាំពិកកម្ពុជា ដើម្បីអប់រំនិងផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក និងប្រវត្តិកកើតចលនាអូឡាំពិកតាំងពីសម័យបុរាណរហូតសម័យទំនើប។

នេះជាកម្មវិធីប្រចាំឆ្នាំដែល NOCC តែងរៀបចំឡើង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្ស និងជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឆ្នាំនេះ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។

សម្រាប់កម្មវិធី OVEP ឆ្នាំនេះ គ្រោងនឹងរៀបចំចំនួន ៨ សាលា កំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមាន ៥សាលាគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញ និង ៣សាលាទៀតនឹងរៀបចំនៅតាមបណ្ដាលខេត្តជាបន្ដបន្ទាប់។

មុនចាប់ផ្ដើមកម្មវិធី ក្រុមការងារក៏បានរៀបចំពិធីស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពដួងវិញ្ញាណក្ខន្ដប្រជាពលរដ្ឋខ្មែរស្លូតត្រង់ និងវីរកងទ័ពដែលបានលះបង់ជីវិតក្នុងការការពារបូរណភាពទឹកដីជាតិនៅតាមព្រំដែន។
