ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់អំណោយជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយពោរពេញទៅដោយស្មារតីជាតិនិយម និងការគាំទ្រដល់កងទ័ព ដើម្បីបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។

លោក អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរចំពោះស្មារតីវីរភាពរបស់កងទ័ព ដែលបានបង្ហាញនូវភាពក្លាហាន និងការលះបង់ខ្ពស់បំផុតក្នុងការការពារទឹកដីដែលជាកេរដំណែលដូនតា។ លោកបានគូសបញ្ជាក់ថា ការប្រយុទ្ធរបស់កងទ័ពគឺជាការបំពេញភារកិច្ចដ៏ថ្លៃថ្លាបំផុត ក្នុងនាមជាកូនខ្មែរ។

លោកអភិបាលខេត្តបានជំរុញឱ្យកងទ័ពបន្តរក្សាសាមគ្គីភាព វិន័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងសត្រូវ និងការពារបាននូវទឹកដីគ្រប់ចំណុច។

អំណោយដែលបានប្រគល់ជូនតំណាងវីរកងទ័ពរួមមាន៖ ថវិកាសរុប ៥០.០០០.០០០រៀល ត្រីខកំប៉ុង ១៥០កេសធំ ខ្ទឹមសរ ២០០គីឡូក្រាម អំបុកខ្មែរ និងសាច់ផាត់ ២.០០០កញ្ចប់ ឆៃពៅ ២៥០គីឡូក្រាម ត្រសក់ចាវ ២៥០គីឡូក្រាម ត្រីប្រឡាក់ ២.០០០គីឡូក្រាម ប្រេងឆារ ១.៥០០លីត្រ ស្ករសរ ២០០គីឡូក្រាម អំបិល ៥០០គីឡូក្រាម ប៊ីចេង ១០០គីឡូក្រាម អង្ករ ១០តោន មី ៥០០កេស សូឡា ៥០ឈុត ទឹកសុទ្ធ ៣០០កេស ភេសជ្ជៈ ២០០កេស ទឹកតី ១០០យូរ ទឹកស៊ីអីវ ១០០យួរ សៀង ៧០យួរ បាយក្តាំង ២.០០០កញ្ចប់ ពងទាសាប ១.៤០០គ្រាប់ ពងទាប្រៃ ៣០០គ្រាប់ សាច់ក្រក ៣០គីឡូក្រាម ត្រីងៀត ១៩០គីឡូក្រាម នំចំរុះមួយចំនួនធំ ព្រមទាំងថ្នាំពេទ្យ បន្លែ ផ្លែឈើ និងសាច់ស្រស់មួយចំនួនធំ។

រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា តែងតែនៅជាមួយ និងគាំទ្រកងទ័ពជានិច្ច ដើម្បីជាការទទួលស្គាល់នូវការលះបង់របស់វីរកងទ័ពគ្រប់រូប ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។

ពិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាពរវាងរដ្ឋបាលខេត្ត និងកងទ័ព ក្នុងការការពារសន្តិសុខ និងបូរណភាពទឹកដីជាតិ។

កងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព បានទទួលអំណោយនេះដោយពោរពេញទៅដោយអំណរគុណ និងស្មារតីការពារជាតិ។

អំណោយទាំងនេះនឹងត្រូវបានបញ្ជូនទៅឧបត្ថម្ភជូនកងទ័ពដែលកំពុងប្រចាំការនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីជាការលើកទឹកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។

ដោយ៖តារា
