ប្រជាជនថៃរៀបចំពិធីសុំសន្តិភាពនៅបាងកក ទាមទារបញ្ឈប់សង្គ្រាមព្រំដែន

ប្រជាជនថៃរៀបចំពិធីសុំសន្តិភាពនៅបាងកក ទាមទារបញ្ឈប់សង្គ្រាមព្រំដែន

ការជួបជុំសុំសន្តិភាព

នៅរសៀលថ្ងៃសៅរ៍ទី១៣ ធ្នូ ២០២៥ ប្រជាជនថៃនឹងរៀបចំពិធីជួបជុំគ្នានៅទីក្រុងបាងកក ដើម្បីសុំសន្តិភាពក្នុងសង្គ្រាមព្រំដែនដែលកំពុងបន្តរវាងថៃនិងកម្ពុជា។

តាមការផ្សាយរបស់ Khaosod ពិធីនេះដឹកនាំដោយក្រុមពលកម្មសង្គមនិយម នឹងប្រព្រឹត្តិទៅនៅម៉ោង៣:០០រសៀលនៅចំណុចប្រសព្វ Pathum Wan នៃមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកក និងម៉ោង៤:៣០រសៀលនៅសាកលវិទ្យាល័យ Srinakharinwirot ក្បែរតំបន់ Asoke។

ការអុជទៀនសុំសន្តិភាព

ក្នុងពិធីនេះនឹងមានការថ្លែងសុន្ទរកថាពីសំណាក់បុគ្គលលេចធ្លោ និងការអុជទៀនដើម្បីកាន់ទុក្ខឧទ្ទិសដល់អ្នកបាត់បង់ជីវិត។ ក្រុមអ្នករៀបចំទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងចាប់ផ្តើមកិច្ចចរចាតាមរយៈវេទិកាអាស៊ានដែលមានលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាអ្នកដឹកនាំ។

ពួកគេបានអះអាងថា៖ «យើងមិនចង់ឃើញមនុស្សស្លាប់ទៀតទេ។ អំពើហិង្សាមិនមែនជាចម្លើយនោះទេ។ កុំបណ្តោយឲ្យមនសិការស្នេហាជាតិដែលងងឹតងងល់បណ្តាលឲ្យប្រជាជនសាមញ្ញនិងកូនទាហានប្រថុយជីវិតម្តងទៀត»។

សង្គ្រាមព្រំដែន

នេះជាថ្ងៃទី៦ហើយដែលថៃបើកការវាយប្រហារមកលើកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពខែតុលាដែលមានលោកអាន់វ៉ា និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំធ្វើជាសាក្សីបានបរាជ័យ។

យោងតាម Aljazeera មនុស្ស២០នាក់បានបាត់បង់ជីវិត និងជិត២០០នាក់រងរបួសនៅក្នុងប្រទេសទាំងពីរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles