
រាជធានីភ្នំពេញ – សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ប្រើសមត្ថភាពប្រមូលព័ត៌មានតាមរយៈផ្កាយរណប ដើម្បីស្វែងរកការពិតអំពីអ្នកដែលបានបង្កើតសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ។
សម្តេចធិបតីបានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ ថា៖ «ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ និងកាលពីយប់មិញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។»

សម្តេចបានបន្តថា ខ្ញុំបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។»

ជាមួយគ្នានោះដែរ សម្តេចធិបតីបានប្រាប់មេដឹកនាំអាមេរិកនិងម៉ាឡេស៊ីថា វិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
