ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមការជួសជុលស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលត្រូវបានទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញផ្លូវ-ស្ពាននៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥ ដើម្បីរៀបចំផែនការជួសជុលស្ពានសំខាន់នេះឡើងវិញ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង៖ «យើងបានត្រៀមខ្លួនរួចរាល់ហើយ គ្រាន់តែរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីអាចចូលទៅកាន់តំបន់ដើម្បីធ្វើការជួសជុល និងស្ថាបនាផ្លូវវាងបណ្ដោះអាសន្ន»។
ស្ពានជ័យជម្នះ ដែលមានឈ្មោះផ្លូវការថា ស្ពានមេទឹក ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះស្ថិតនៅចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និងជាច្រកធ្វើដំណើរសំខាន់ទៅកាន់ឃុំថ្មដារ ស្រុកវាលវែង។

ចាប់តាំងពីថ្ងៃទី០៧ ធ្នូ ២០២៥ កងទ័ពថៃបានចាប់ផ្ដើមការឈ្លានពានលើទឹកដីកម្ពុជា ដោយបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល បណ្ដាលឱ្យមានការស្លាប់ និងរបួសជាច្រើន ព្រមទាំងខូចខាតអគារសាធារណៈ វត្តអារាម សាលារៀន និងលំនៅដ្ឋានប្រជាពលរដ្ឋ។
