
រាជធានីភ្នំពេញ៖ យោធាថៃបានបន្តការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ដោយប្រើដ្រូនទម្លាក់គ្រាប់បែកនៅទីតាំងកងទ័ពកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ម៉ាលី សុជាតា បានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

កាលវិភាគនៃការវាយប្រហារ៖
– ម៉ោង ១៥:១៩នាទី៖ យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់
– ម៉ោង ១៥:៥១នាទី៖ កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលរំលោភបំពានមកភូមិសាស្ត្រភូមិជោគជ័យ
– ម៉ោង ១៧:១៤នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិព្រៃចាន់
– ម៉ោង ១៧:៥៣នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិជោគជ័យ
– ម៉ោង ១៧:៥៤នាទី៖ យោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រភូមិព្រៃចាន់
ក្រសួងការពារជាតិទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែកដោយមិនរើសអើង និងមិនសមមាត្រ។

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១១នាក់ (ក្នុងនោះមានទារក ១នាក់ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៥៩នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត។
អ្នកនាំពាក្យបានឲ្យយោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ សារ៉ា ចន្ទ
