ភ្នំពេញ៖ កងទ័ពថៃបានទទួលស្គាល់ថា ពិតជាបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹក ដែលជាជំនួយរបស់ប្រទេសចិន នៅព្រំដែនខេត្តពោធិ៍សាត់។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ដើម្បីទម្លាក់គ្រាប់បែកលើស្ពានជ័យជំនះ (ស្ពានមេទឹក) តាមលំដាប់ពេលវេលា៖
ម៉ោង ០៦:០២ នាទី៖ ទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់
ម៉ោង ០៦:០៧ នាទី៖ ទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត
ម៉ោង ០៦:១២ នាទី៖ ទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត

ស្ពានជ័យជំនះ ដែលមានប្រវែង ១៨០ ម៉ែត្រ និងទទឹង ១០ម៉ែត្រ ត្រូវបានស្ថាបនានៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ និងមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីព្រំដែនថៃ-កម្ពុជា។

យោធាថៃបានគូសបញ្ចាក់ថា យន្តហោះ F-16 បានហោះជុំវិញពីរដងមុនពេលទម្លាក់គ្រាប់បែក ហើយពួកគេបានកំណត់គោលដៅវាយប្រហារស្ពាននេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយមានគោលបំណងកាត់ផ្តាច់ផ្លូវដឹកស្បៀងរបស់កងទ័ពកម្ពុជា។

បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលធ្វើការជួសជុល និងរៀបចំផ្លូវវៀង ធានាការតភ្ជាប់ដល់ប្រជាពលរដ្ឋឡើងវិញ។
