ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ។

កាសែត Hindustan Times បានចេញផ្សាយកាលពីថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ដែលនិយាយថា៖ «យើងទទួលបានរបាយការណ៍ទាក់ទងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិរក្សនៅប្រាសាទព្រះវិហារ អំឡុងការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ រាល់ការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធអភិរក្ស គឺជារឿងអកុសល និងជាបញ្ហាដែលត្រូវព្រួយបារម្ភ»។
ជុំវិញរឿងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជានិងថៃវិញ លោក Jaiswal បានអំពាវនាវជាថ្មីឲ្យភាគីទាំងពីរអត់ធ្មត់ ហើយចាត់វិធានការបញ្ឈប់អរិភាពនិងទប់ស្កាត់កុំឲ្យស្ថានការណ៍រីករាលដាលបន្ថែម និងងាកទៅរកផ្លូវកិច្ចសន្ទនានិងសន្តិភាពវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
សូមជម្រាបថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវរងការខូចខាតយ៉ាងដំណំម្តងទៀត ដោយសារតែការវាយប្រហារយ៉ាងសាហាវរបស់ថៃ ក្នុងអំពើឈ្លានពានថ្មី ដែលចាប់ផ្តើមនៅដើមខែធ្នូ។
ជុំវិញរឿងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។
អត្ថបទ៖ សុខ សុវណ្ណ
