រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបង្ហាញការខកចិត្តជាសាធារណៈលើកដំបូងចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅការជាន់មីនរបស់ទាហានថៃកន្លងមក ជាត្រឹមតែជា «ឧបទ្ទវហេតុ (accident)» នៅក្នុងការបង្ហោះតាមបណ្តាញសង្គមកាលពីយប់ថ្ងៃសុក្រ។

តាមរយៈការចេញផ្សាយខ្លីមួយរបស់សារព័ត៌មានខាវសុតរបស់ថៃ នៅល្ងាចថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ការបង្ហោះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីយោធាថៃដែលជាន់មីន ដោយហៅថាជាឧបទ្ទវហេតុនោះ បានធ្វើឲ្យសតិអារម្មណ៍សាធារណៈជនថៃឈឺចិត្ត។
ហេតុការណ៍ជាន់មីនក្នុងពេលកន្លងមក ភាគីថៃគឺបានប្រើប្រាស់ជាលេសសម្រាប់ការប៉ុនប៉ងធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាជំរុញឲ្យថៃយកករណីប្តឹងទៅស្ថាប័នជំនាញអន្តរជាតិក៏ដោយចុះ ប៉ុន្តែថៃមិនដែលបានស្តាប់ឡើយ ហើយធ្វើសកម្មភាពដើម្បីបង្កើនភាពតានតឹងជារៀងរហូតមក។
