ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខដល់វីរកងទ័ពចំនួន៣៤រូប ដែលរងរបួសកាលពីថ្ងៃទី៨ធ្នូ ក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃ។

ក្នុងឱកាសនោះ លោកស្រីបាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចហ៊ុន សែន សម្តេចប៊ុន រ៉ានី ហ៊ុនសែន សម្តេចឃួន សុដារី សម្តេចហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ដល់កងទ័ពទាំងអស់នៅទូទាំងប្រទេស។

លោកស្រីឡោក ខេងបានលើកទឹកចិត្ត និងកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់ទ័ពជួរមុខក្នុងការរក្សាសន្តិភាព និងការពារអធិបតេយ្យបូរណភាពទឹកដី។

លោកស្រីក៏បានជូនពរដល់វីរកងទ័ពទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាពដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ។

ក្រុមសភាស្ត្រីបាននាំយកថវិកាជូនដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយឧបត្ថម្ភក្នុងម្នាក់ៗនូវថិវកាចំនួន១លានរៀល។

ថវិកានេះរួមមាន៖ ថវិកាសម្តេចឃួន សុដារី ៥០ម៉ឺនរៀល ថវិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ២០ម៉ឺនរៀល និងថវិកាលោកស្រីជាសមាជិកក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ៣០ម៉ឺនរៀល។

ជាការឆ្លើយតប វីរកងទ័ពបានគោរពថ្លែងអំណរគុណចំពោះការគិតគូរអំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងសូមជូនពរដល់សម្តេច លោកជំទាវ លោក លោកស្រីទាំងអស់ទទួលបានពុទ្ធពរទាំងបួនប្រការ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងស្ថាប័នជាតិចំពោះសុខភាព និងសុខុមាលភាពរបស់កងទ័ពដែលបានលះបង់ដើម្បីការពារប្រទេសជាតិ។

កងទ័ពទាំង៣៤រូបនេះបានរងរបួសក្នុងការប្រយុទ្ធការពារព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញពីភាពក្លាហាន និងការតស៊ូរបស់កងទ័ពកម្ពុជាក្នុងការថែរក្សាអធិបតេយ្យភាពជាតិ។

