
ក្រោយពីលោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយអានុទីន ឆាន់វីរៈគុល ប្រធានាធិបតីអាមេរិកបានបង្ហោះសារលើ Truth Social នារំលងអធ្រាត្រថ្ងៃសៅរ៍ទី១៣ធ្នូ ២០២៥ ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់។

ពិសេស លោក ត្រាំ បានផ្តល់យុត្តិធម៌ដល់កម្ពុជា ដោយបញ្ជាក់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួស គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុ»។

ទោះជាយ៉ាងណា អានុទីន បានប្រើសម្តីឈ្លើយទៅប្រមុខរដ្ឋាភិបាលអាមេរិកតាម Facebook ថា៖ «ប្រទេសថៃនឹងបន្តប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់ដល់ទឹកដីនិងប្រជាជនរបស់យើងទៀត»។

អានុទីន បានបដិសេធយ៉ាងច្បាស់ថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ដូចលោក ត្រាំ លើកឡើងទេ។ កិច្ចពិភាក្សាគ្រាន់តែនិយាយអំពីការអាប់ដេតស្ថានការណ៍ និងការពារអធិបតេយ្យភាពជាតិ។

នេះជាថ្ងៃទី៦ ដែលថៃបើកការវាយប្រហារមកលើកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពខែតុលាបរាជ័យ។ រសៀលនេះ ប្រជាជនថៃនឹងធ្វើពិធីជួបជុំនៅបាងកក ដើម្បីសុំសន្តិភាព។
អត្ថបទ៖ សុខ សុវណ្ណ
