អាមេរិករឹតខ្ជាប់ចាប់កប៉ាល់ប្រេងវេណេហ្ស៊ូអេឡា គំរាមផ្ដួលរបបម៉ាឌូរ៉ូ

អាមេរិករឹតខ្ជាប់ចាប់កប៉ាល់ប្រេងវេណេហ្ស៊ូអេឡា គំរាមផ្ដួលរបបម៉ាឌូរ៉ូ

កប៉ាល់ប្រេងឆៅ

ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបន្តដាក់សម្ពាធខ្លាំងទៅលើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា ដោយត្រៀមចាប់កប៉ាល់ដឹកប្រេងឆៅជាបន្តទៀត បន្ទាប់ពីចាប់បានកប៉ាល់ទីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមប្រភពចំនួន៦នាក់ដែលប្រាប់អ្នកសារព័ត៌មាន។

ចាប់តាំងពីដាក់ទណ្ឌកម្មឆ្នាំ២០១៩ នេះជាលើកទីមួយដែលអាមេរិកចាប់កប៉ាល់ដឹកប្រេងរបស់វេណេហ្ស៊ូអេឡា។ ចំណាត់ការនេះធ្វើឱ្យក្រុមហ៊ុនកប៉ាល់ដែលស៊ីឈ្នួលដឹកប្រេងកំពុងពិចារណាឡើងវិញថា តើត្រូវដឹកចេញពីដែនសមុទ្រវេណេហ្ស៊ូអេឡាទៀត ឬយ៉ាងណា។

សមុទ្រវេណេហ្ស៊ូអេឡា

ជាពិសេស កប៉ាល់ដែលត្រៀមខ្លួនដឹកប្រេងចេញពីទីនោះ។ គេរំពឹងថារយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ អាមេរិកនឹងចេញអន្តរាគមន៍ជាថ្មីម្ដងទៀតដើម្បីចាប់កប៉ាល់ដឹកប្រេងវេណេហ្ស៊ូអេឡា និងប្រេងរបស់ប្រទេសដទៃដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ឧទាហរណ៍ដូចជាអ៊ីរ៉ង់ជាដើម។

នៅពេលអ្នកសារព័ត៌មានសួរថាតើរដ្ឋាភិបាលអាមេរិកមានគម្រោងចុះចាប់កប៉ាល់ដឹកប្រេងជាបន្តទៀតដែរឬទេ? អ្នកនាំពាក្យសេតវិមានឆ្លើយតបថាលោកស្រីសូមមិនធ្វើអត្ថាធិប្បាយនូវអ្វីដែលអាចនឹងកើត ឬមិនកើតនាពេលអនាគត។ ប៉ុន្តែលោកស្រីនិយាយនៅក្នុងលក្ខខណ្ឌទូទៅថាអាមេរិកនឹងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមកម្មវិធីនយោបាយរបស់លោកដូណាល់ត្រាំ។

ការចាប់កប៉ាល់

លោកស្រីថ្លែងបន្តទៀតថា យើងមិនអាចធ្វើព្រងើយកន្តើយ បណ្ដោយឱ្យកប៉ាល់ដែលជាប់ទណ្ឌកម្មសេដ្ឋកិច្ចអាចធ្វើចរាចរដោយសេរីនៅលើដែនសមុទ្រដើម្បីដឹកជញ្ជូនប្រេងទៅលក់នៅទីផ្សារងងឹតបានឡើយ។ លោកស្រីថាសកម្មភាពទាំងនេះអាចនឹងរឹតតែជួយធ្វើឱ្យអំពើភេរវកម្មគ្រឿងញៀន និងរបបដឹកនាំខុសច្បាប់នៅលើពិភពលោកកាន់តែបានចិត្ត។

ប្រភពខ្លះដែលដឹងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិកបានបង្ហើបឱ្យដឹងថា អាមេរិកបានប្រមូលឈ្មោះកប៉ាល់ដឹកប្រេងជាច្រើនគ្រឿងទៀតដែលជាប់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីរឹបអូស។ អស់ជាច្រើនខែមកហើយ ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិបានរៀបចំផែនការរឹបអូសកប៉ាល់ទាំងនោះ។

វេណេហ្ស៊ូអេឡា

បើសិនអាមេរិកចាត់វិធានការក្ដៅចាប់កប៉ាល់ណាដែលហ៊ានដឹកប្រេងរបស់វេណេហ្ស៊ូអេឡា គេគិតថាមិនយូរទេ របបដឹកនាំរបស់លោកម៉ាឌូរ៉ូអាចមានវិបត្តិហិរញ្ញវត្ថុព្រោះប្រេងឆៅជាប្រភពចំណូលធំបំផុតរបស់ប្រទេសនេះ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕

administrator

Related Articles