ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីបំផុត ដោយព្រមានពីលទ្ធភាពមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងលើតំបន់ជាច្រើននៃប្រទេសកម្ពុជា។

សេចក្ដីជូនដំណឹងនេះចេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជិតខាង។
ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%។ ចំណែកខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនេះប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ទទួលភ្លៀង និងខ្យល់កន្ត្រាក់ដែលអាចកើតមាន។
