ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

ពិធីនេះត្រូវបានរៀបចំឡើងតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ក្នុងនាមជាខ្មែរជួយខ្មែរ ប្រជាពលរដ្ឋខេត្តស្វាយរៀងបានចូលរួមដាល់អំបុក វេចខ្ចប់អំបុក សាច់ជ្រូក និងពងទា ដើម្បីផ្ញើកម្លាំងចិត្តជូនបងប្អូននៅជួរមុខ។

សម្តេចម៉ែន សំអន បានថ្លែងអរគុណដល់រដ្ឋបាលខេត្ត សាខាសមាគមនារីកម្ពុជា សហភាពសហព័ន្ធយុវជន មន្ទីរកសិកម្ម មន្ត្រីរាជាការ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបង្កើតព្រឹត្តិការណ៍នេះដោយស្មារតីខ្មែរតែមួយ។

“ខ្ញុំសូមជូនពរដល់វីរៈកងទ័ពទាំងអស់ដែលបំពេញបេសកកម្មនៅជួរមុខ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះពីខ្មាំងឈ្លានពាន ពិសេសទទួលបាននូវពុទ្ធពរទាំង៤ប្រការ។” សម្តេចម៉ែន សំអន បានមានប្រសាសន៍។

ពិធីដាល់អំបុកមហាគ្រួសារខ្មែរនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការគាំទ្រពីប្រជាពលរដ្ឋទៅកាន់កងទ័ពដែលការពារព្រំដែនជាតិ។

ដោយ៖ សំរិត
