ភ្នំពេញ – ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្របសម្រួលភាគីជម្លោះថៃនិងកម្ពុជា តាមរយៈការហៅទូរស័ព្ទសន្ទនាត្រីភាគីចុងក្រោយនៅរសៀលថ្ងៃទី១៣ខែធ្នូ។

ក្រោយការសន្ទនាតាមទូរស័ព្ទនោះ លោក អាន់វ៉ា បានបង្ហោះសារលើហ្វេសប៊ុក ដោយបង្ហាញពេលវេលាជាក់លាក់នៃការចូលជាធរមាននូវបទឈប់បាញ់ត្រឹមម៉ោង១០យប់ថ្ងៃទី១៣ខែធ្នូនេះ។ វិធានការច្បាស់លាស់រួមមាន៖ ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការដាក់ប្រព័ន្ធផ្កាយរណបដែលផ្តល់ដោយសហរដ្ឋអាមេរិក។
លោក អាន់វ៉ា បានស្នើឲ្យភាគីជម្លោះបញ្ឈប់រាល់ទម្រង់នៃអំពើអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបដិសេធការអះអាងរបស់លោក អាន់វ៉ា ដោយនិយាយថា មិនទាន់ដល់ពេលសម្រាប់ការចរចាបទឈប់បាញ់ជាមួយកម្ពុជាទេ។ លោកបានពណ៌នាថា ការអះអាងរបស់លោក អាន់វ៉ា ជាការយល់ច្រឡំ។
ការអះអាងរបស់លោក អានុទីន ក៏ហាក់ដូចជាបន្ទរនូវអ្វីដែលរដ្ឋមន្ត្រីការពារជាតិថៃ លោក Natthaphon Narkphanit បានអះអាងនៅមុននោះថា គ្មានបទឈប់បាញ់កើតឡើងទេ។
ដោយសារតែភាពក្រឡេចក្រឡុចមិនអាចទុកចិត្តបានរបស់ភាគីថៃ សហរដ្ឋអាមេរិកបានផ្តល់ឲ្យបច្ចេកវិទ្យាផ្កាយរណបសម្រាប់ការតាមដាន ត្រួតពិនិត្យមើលការអនុវត្តបទឈប់បាញ់។
លោក អាន់វ៉ា បានលើកឡើងថា៖ «ការរកឃើញពីការត្រួតពិនិត្យផ្កាយរណប និងការអង្កេតលើទីកន្លែង នឹងត្រូវចងក្រងដោយ AOT ហើយបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃអង្គារ ទី១៦ខែធ្នូ។»
