រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការអំពីស្ថានការណ៍ធ្ងន់ធ្ងរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយគិតត្រឹមម៉ោង១រសៀលថ្ងៃទី១២ធ្នូ ជនស៊ីវិលស្លូតត្រង់បានស្លាប់សរុប១១នាក់ និងរងរបួស៥៩នាក់។

ស្ថានការណ៍តាមព្រំដែនបានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី១២ធ្នូ ឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃបានបន្តការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥។ សកម្មភាពឈ្លានពានចាប់ផ្តើមពីម៉ោង១៥:០០នាទី រហូតដល់ម៉ោង១៩:០០នាទី។

តាមព័ត៌មានលម្អិត៖
– ម៉ោង១៥:១៩នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់
– ម៉ោង១៥:៥១នាទី៖ កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលមកភូមិសាស្ត្រភូមិជោគជ័យ
– ម៉ោង១៧:១៤នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិព្រៃចាន់
– ម៉ោង១៧:៥៣នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិជោគជ័យ
– ម៉ោង១៧:៥៤នាទី៖ យោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រភូមិព្រៃចាន់

ក្រសួងការពារជាតិបានទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ និងការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិ។
ការវាយប្រហារបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទបុរាណជាទីសក្ការៈ រួមមានសាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនទៀត។

កម្ពុជាបានអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។
អត្ថបទសរសេរដោយ៖ សហការី
កែសម្រួលដោយ៖ សារ៉ា ចន្ទ
