សហគមន៍ខ្មែរនៅប្រទេសជប៉ុន បានប្រកាសរៀបចំធ្វើមហាបាតុកម្មជួបជុំចំនួន ៦ ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។
សហគមន៍ខ្មែរបានលើកឡើងថា ការឈ្លានពាននេះបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ពួកគេបានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខចោរថៃ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរបស់កម្ពុជា។
តាមព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ទីតាំងទាំង ៦ រួមមាន៖
១. សួន Memorial Peace (Hiroshima) ម៉ោង ២:៣០-៤:៣០ រសៀល
២. សួន Hibiya (Tokyo) ម៉ោង ១១:០០-១:០០ រសៀល
៣. ស្ថានីយ៌ Shibuya (Tokyo) ម៉ោង ២:០០-៤:០០ រសៀល
៤. ស្ពាន Ebisu (Osaka) ម៉ោង ២:០០-៤:០០ រសៀល
៥. ស្ថានីយ៌ Nagoya (Aichi) ម៉ោង ១:៣០-៣:៣០ រសៀល
៦. ស្ថានីយ៌ Hashimoto (Fukuoka) ម៉ោង ១១:០០-១:០០ រសៀល
ការជួបជុំសម្ដែងមតិនេះ គឺបន្ទាប់ពីយោធាថៃបានធ្វើការឈ្លានពានសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងទ័ពថៃបានប្រើប្រាស់អាវុធគ្រប់ប្រភេទដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ សម្លាប់ជនស៊ីវិល បង្ខំឱ្យមានជនភៀសសិករាប់សែននាក់ និងបំផ្លាញប្រាសាទបូរាណរបស់ខ្មែរ។
ការឈ្លានពាននេះជាការឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាក្នុងសម័យទំនើប ខណៈដែលកម្ពុជាស្គាល់សន្តិភាពជិត ៣០ ឆ្នាំ។ សហគមន៍ខ្មែរនៅជប៉ុនសង្ឃឹមថា ការបាតុកម្មនេះនឹងជួយលើកកម្ពស់ការយល់ដឹងអន្តរជាតិអំពីស្ថានភាពពិតនៅកម្ពុជា។

