ថៃបន្តវាយប្រហារព្រំដែន ទោះបីត្រាំអះអាងបានសម្របសម្រួលបទឈប់បាញ់

ថៃបន្តវាយប្រហារព្រំដែន ទោះបីត្រាំអះអាងបានសម្របសម្រួលបទឈប់បាញ់

ភ្នំពេញ – នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសបន្តសកម្មភាពយោធាតាមបណ្តោយព្រំដែនជាមួយកម្ពុជា ទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាបានសម្របសម្រួលបទឈប់បាញ់ថ្មីក៏ដោយ។

កិច្ចព្រមព្រៀងព្រំដែន

លោកអានុទីនបានច្រានចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់ថា៖ «ថៃនឹងបន្តធ្វើសកម្មភាពយោធារហូតដល់យើងមានអារម្មណ៍ថាគ្មានការបង្កគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនទៀត»។

ការអះអាងរបស់លោកអានុទីននេះបានធ្វើឡើងបន្ទាប់ពីលោកត្រាំបានប្រកាសកាលពីថ្ងៃសុក្រថា លោកបានជជែកជាមួយលោកអានុទីន និងសម្ដេច ហ៊ុន ម៉ាណែត ហើយមេដឹកនាំទាំងពីរបានយល់ព្រម«បញ្ឈប់ការបាញ់ទាំងអស់»។

ខណៈកម្ពុជាបានសាទរនឹងការសម្របសម្រួលរបស់លោកត្រាំ លោកអានុទីនបែរជាចេញមុខមកទទូចទាំងទទឹងទិសថា មិនមានបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់នោះឡើយ។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជាស្វាគមន៍សំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់សម្របសម្រួលកិច្ចចរចាពីមុន ដើម្បីបញ្ឈប់ការប្រយុទ្ធចាប់ពីយប់ថ្ងៃសៅរ៍។

លោកអាន់វ៉ា ដែលជាប្រធានប្លុកតំបន់អាស៊ាន បានជំរុញឲ្យភាគីទាំងពីរចៀសវាងសកម្មភាពយោធាបន្ថែមទៀតចាប់ពីម៉ោង១០យប់ថ្ងៃសៅរ៍ ហើយបាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែន។

ប៉ុន្តែលោកអានុទីន បានបញ្ជាក់ថា ថៃមិនបានយល់ព្រមបញ្ឈប់ប្រតិបត្តិការនោះទេ។ លោកបានប្រាប់អ្នកកាសែតថា «មិនមានកិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អ្វីទាំងអស់នោះឡើយ»។

ជម្លោះតាមបណ្តោយព្រំដែនប្រវែង៨១៧គីឡូម៉ែត្ររបស់កម្ពុជា-ថៃ បានផ្ទុះឡើងសាជាថ្មី ចាប់តាំងពីថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការប្រឈមមុខដាក់គ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា។

administrator

Related Articles