រាជធានីភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម២០២៥ បានបញ្ជាក់ថា ការចូលរួម និងការដកខ្លួនពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសថៃ គឺជាផែនការយុទ្ធសាស្ត្រដែលទទួលបានការណែនាំពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

ឯកឧត្ដម វ៉ាត់ ចំរើន បានពន្យល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា៖ “យើងមានការគូសវាសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុក ហើយទទួលបានការសម្រេច និងអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ។”

ឯកឧត្ដមបានបន្តថា៖ “យើងគិតមុនហើយប្រសិនជាមានសង្គ្រាម យើងត្រូវត្រលប់មកវិញ។ នេះជាអនុសាសន៍ណែនាំផ្ទាល់ពីសម្ដេចមហាបវរធិបតី ជាជំហានគូសហើយស្រាប់។”
ឯកឧត្ដមក៏បានបញ្ជាក់ថា គ្មានការពិន័យអ្វីទេមកលើក្រុមកីឡាកម្ពុជាពាក់ព័ន្ធនឹងការដកខ្លួនពីស៊ីហ្គេមនៅថៃ ហើយដំណឹងថាស្ថាប័នកីឡាអន្តរជាតិខ្លះនឹងដាក់ពិន័យនោះ គឺជារឿងមិនពិត។
ប្រតិភូកីឡាកម្ពុជាទាំងអស់បានត្រឡប់មកដល់មាតុភូមិដោយសុវត្ថិភាព ក្រោយពីកម្ពុជាសម្រេចដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។
