អាមេរិកប្រកាសនឹងឆ្លើយតបយ៉ាងដាច់ណាត់ប្រឆាំងនឹងក្រុម DAESH បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅស៊ីរីដែលធ្វើឲ្យទាហានអាមេរិក២នាក់ និងជនស៊ីវិលម្នាក់ស្លាប់។

ប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើការព្រមានយ៉ាងខ្លាំងក្លាថា ក្រុងវ៉ាស៊ីនតោននឹងធ្វើការសងសឹកប្រឆាំងនឹងក្រុម DAESH ប្រសិនបើកងកម្លាំងអាមេរិកត្រូវបានវាយប្រហារម្តងទៀត។ ការព្រមាននេះមកបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី១៣ធ្នូ នៅតំបន់វាលខ្សាច់ Palmyra ប្រទេសស៊ីរី។
យោងតាមបញ្ជាការកណ្តាលអាមេរិក (CENTCOM) ការវាយប្រហារនេះបានកើតឡើងនៅពេលដែលខ្មាន់កាំភ្លើង DAESH ម្នាក់បានបើកការបាញ់ប្រហារទៅលើកងកម្លាំងអាមេរិក និងកងកម្លាំងជាដៃគូ។ ក្រៅពីអ្នកស្លាប់៣នាក់ ទាហានអាមេរិក៣នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះ។
លោក Sean Parnell អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់ថា ជនស៊ីវិលដែលត្រូវបានសម្លាប់នោះ គឺជាអ្នកបកប្រែភាសាសញ្ជាតិអាមេរិក។ អ្នកវាយប្រហារត្រូវបានបាញ់សម្លាប់ក្រោយពីការវាយប្រហារ។
លោក Tom Barrack បេសកជនពិសេសអាមេរិកប្រចាំស៊ីរី បានថ្កោលទោសឧបទ្ទវហេតុនេះថាជា «ការវាយឆ្មក់ភេរវកម្មដ៏កំសាក» ដោយសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
កងកម្លាំងអាមេរិកកំពុងប្រតិបត្តិការនៅស៊ីរីជាផ្នែកមួយនៃសម្ព័ន្ធភាពអន្តរជាតិដែលដឹកនាំដោយអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម DAESH។
