សម្តេចតេជោ ហ៊ុន សែន បដិសេធយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលថាកម្ពុជាមានទាហានរុស្ស៉ីចូលរួមប្រយុទ្ធ

សម្តេចតេជោ ហ៊ុន សែន បដិសេធយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលថាកម្ពុជាមានទាហានរុស្ស៉ីចូលរួមប្រយុទ្ធ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបដិសេធយ៉ាងខ្លាំងក្លានៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជាពុំមានជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»

ក្នុងសារដែលបានបង្ហោះជាសាធារណៈ សម្តេចតេជោបានលើកឡើងថា៖ «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្ស៉ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៉ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»

សម្តេចតេជោបានបន្តថា៖ «យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេស ចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជា ពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ»

ការបដិសេធរបស់សម្តេចតេជោ

សម្តេចតេជោបានបន្ថែមទៀតថា៖ «យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍ កំពុងស្នាក់នៅកម្ពុជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ព័ន្ធជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ»

ការបដិសេធនេះបានធ្វើឡើងក្រោយពីមានការផ្សាយព័ត៌មានពីសារព័ត៌មានថៃមួយចំនួន ដែលលើកឡើងពីការចូលរួមរបស់ទាហានរុស្ស៉ីនៅកម្ពុជា។

ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles