សហរដ្ឋអាមេរិក – តារាកីឡាកាសល្បីល្បាញ John Cena បានចូលនិវត្តន៍ជាផ្លូវការក្រោយពីបានចំណាយពេលជិត២៥ឆ្នាំក្នុងសង្វៀន WWE ដ៏ល្បីល្បាញ។ ការចូលនិវត្តន៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ WWE Saturday Night’s Main Event នៅសង្វៀន Capital One Arena ទីក្រុងវ៉ាស៊ីនតោន។

ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន John Cena បានចាញ់កីឡាករ Gunther បន្ទាប់ពីបានប្រកួតដ៏តានតឹងមួយ។ ក្រោយការប្រកួត តារាល្បីៗរបស់ WWE រួមទាំងប្រធានផ្នែកផលិត Triple H បានចូលមកក្នុងសង្វៀនដើម្បីអបអរសាទរដល់ការចូលនិវត្តន៍របស់អ្នកកីឡាកាសដ៏អស្ចារ្យនេះ។

John Cena បានឱនក្បាលពីសង្វៀនដើម្បីគោរពដល់អ្នកគាំទ្រទាំងអស់ដែលបានគាំទ្រលោកអស់រយៈពេល២៥ឆ្នាំកន្លងមក។ ការចាកចេញរបស់លោកបានទទួលការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជនទាំងអស់។
តាមពិតទៅ John Cena បានប្រកាសអំពីការចូលនិវត្តន៍របស់ខ្លួនតាំងពីខែកក្កដា ឆ្នាំ២០២៤ ដោយបានប្រាប់អ្នកគាំទ្រថារាងកាយរបស់ខ្លួនមិនអាចទ្រាំទ្រានឹងការឈឺចាប់បានទៀតទេ។ ទោះជាយ៉ាងណា WWE បានបញ្ជាក់ថា John Cena នឹងនៅតែជាផ្នែកមួយសំខាន់នៃគ្រួសារ WWE បន្ទាប់ពីបានចុះកុងត្រារយៈពេល៥ឆ្នាំដើម្បីធ្វើជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន។

John Cena បានក្លាយជាអ្នកកីឡាកាសអាជីពនៅឆ្នាំ១៩៩៩ ហើយបានចូលរួមជាមួយ WWE នៅឆ្នាំ២០០០។ លោកបានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក១៧សម័យកាល ដែលបំបែកកំណត់ត្រាមុនៗ។ ក្រោយមកលោកបានប្រឡូកអាជីពជាតារាសម្តែងក្នុងឆ្នាំ២០០៦ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើន។

ការចូលនិវត្តន៍របស់ John Cena បានបញ្ចប់យុគសម័យមួយក្នុងប្រវត្តិសាស្ត្រកីឡាកាស ដោយទុកឱ្យកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយដែលនឹងត្រូវគេចងចាំជារៀងរហូត។
