ទីក្រុងញូវដេលី៖ រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីប្រកាសផ្អាកសកម្មភាពសង់សំណង់អគារ និងសកម្មភាពបង្កផ្សែងផ្សេងៗទៀតនៅក្នុងទីក្រុងញូវដេលី បន្ទាប់ពីគុណភាពខ្យល់ក្នុងតំបន់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងបរិស្ថានឥណ្ឌាកាលពីយប់ថ្ងៃទី១៣ ខែធ្នូ រដ្ឋាភិបាលបានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសំណង់អគារដែលមិនចាំបាច់ បិទម៉ាស៊ីនកិនថ្ម ការប្រតិបត្តិការរុករករ៉ែ និងបានណែនាំឱ្យសាលារៀនដែលរៀនផ្ទាល់នៅក្នុងថ្នាក់ប្តូរទៅជាថ្នាក់រៀនតាមអ៊ីនធឺណិតវិញ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបន្ថែមថា រថយន្តប្រើម៉ាស៊ូត និងសាំងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ចូលទីក្រុងញូវដេលីនោះទេ។ ទីក្រុងញូវដេលី និងជាយក្រុងជុំវិញនោះបានចាត់ថ្នាក់ជាកន្លែងដែលបំពុលខ្លាំងបំផុតរបស់ពិភពលោក ជាមួយនឹងផ្សែងអ័ព្ទក្នុងរដូវរងារកាន់តែអាក្រក់ទៅៗ។
សន្ទស្សន៍គុណភាពខ្យល់នៃទីក្រុងញូវដេលីបានកើនឡើងដល់កម្រិត៥៥៥ នៅម៉ោង ១០:៣០ព្រឹក ថ្ងៃទី១៤ ខែធ្នូ។ នេះបើយោងតាមឧបករណ៍វាស់គុណភាពខ្យល់ IQAir ដែលជាការប្រមូលទិន្នន័យបំពុលពិភពលោក។ ចំណែកគុណភាពខ្យល់ កម្រិតក្រោម ១០១ ត្រូវបានចាត់ទុកថា អាចទទួលយកបាន ហើយបើមានតម្លៃលើសពី ៣០០ ត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់ខ្លាំង។

ក្រសួងបានអំពាវនាវឱ្យរដ្ឋដែលនៅជិតៗនោះ ត្រូវស្នើសុំឱ្យមានការពិចារណាលើជំហានសង្គ្រោះបន្ទាន់បន្ថែម រួមទាំងបន្តឱ្យមានការបិទមហាវិទ្យាល័យផងដែរ។ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូងត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពចេញក្រៅផ្ទះ និងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
