ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) បានជួបសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវសមានចិត្តជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបការលំបាកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីបានអះអាងថា ឆែកកំពុងតាមដានស្ថានភាពដោយយកចិត្តទុកដាក់ និងមានជំនឿថាបញ្ហានឹងត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈការចរចាក្នុងពេលឆាប់ៗខាងមុខ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍វត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូត ដោយចាត់ទុកថាជាការបង្ហាញពីការផ្តល់តម្លៃរបស់សាធារណរដ្ឋឆែកចំពោះកម្ពុជា។ សម្តេចបានលើកឡើងពីទំនាក់ទំនងប្រវត្តិសាស្រ្តដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលរឹតមាំទៀតដោយព្រះករុណាព្រះមហាក្សត្រកម្ពុជាទ្រង់ធ្លាប់យាងទៅសិក្សានៅប្រទេសឆែក។

លោកស្រីឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនងកម្ពុជា-ឆែកឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យនីតិប្បញ្ញត្តិ ពាណិជ្ជកម្ម និងការវិនិយោគ។ លោកស្រីបានរំលេចពីផែនការកៀរគរអ្នកវិនិយោគ និងអ្នកទេសចរពីឆែកមកកម្ពុជា ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិសេសក្នុងឱកាសខួប៧០ឆ្នាំនៃចំណងមិត្តភាព។
សម្តេចរដ្ឋសភាធិបតីបានអរគុណដល់ប្រទេសឆែកចំពោះការគាំទ្រជាច្រើន រួមមានការបង្វែរបំណុលទៅជាជំនួយអប់រំ និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៩កន្លែងក្នុងវិស័យសុខាភិបាល។ តាំងពីឆ្នាំ១៩៨៤មក មាននិស្សិតកម្ពុជាប្រមាណ៤០០នាក់បានទៅសិក្សានៅប្រទេសឆែក។

ទាក់ទងនឹងជម្លោះព្រំដែន សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ឆែកដែលបានស្វែងយល់ការពិតពីស្ថានភាពជាក់ស្តែង។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចដែលគ្មានមហិច្ឆតាដណ្តើមទឹកដីពីប្រទេសណាមួយ ហើយបានឆ្លងកាត់សង្រ្គាមដូច្នេះចង់បានតែសន្តិភាព។
សម្តេចបានពិពណ៌នាពីភាពឃោរឃៅនៃការឈ្លានពានរបស់ថៃ ដែលបានប្រើអាវុធធុនធ្ងន់រួមទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូលដែនអធិបតេយ្យកម្ពុជាយ៉ាងជ្រៅ បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ត្រូវរត់ភៀសខ្លួន។ ទ្រព្យសម្បត្តិសាធារណៈនិងឯកជនជាច្រើនត្រូវបានបំផ្លាញ។
សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់ការឈ្លានពាន ដើម្បីជៀសវាងការខូចខាតកាន់តែធ្ងន់ធ្ងរ។
ដោយ៖ សិលា
