ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់មិញ នៅចំណុចស្តុបគងណយ ដោយបុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពេលជិះម៉ូតូលឿនបុកផ្ទប់ពីក្រោយរថយន្តសណ្តោងទូកុងតឺន័រដែលកំពុងឈប់រងចាំស្តុប។

ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះបានកើតឡើងនៅម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សពរងគ្រោះមានឈ្មោះ សួសពៅ ភេទប្រុស អាយុ៣២ឆ្នាំ ដែលរស់នៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
តាមការស៊ើបអង្កេតដំបូងបង្ហាញថា នៅមុនពេលកើតហេតុ រថយន្តសណ្តោងទូកុងតឺន័រពណ៌ស ផ្លាកលេខ ព្រះសីហនុ 3A-7753 បានធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពីកើតទៅលិច។ នៅពេលដល់ចំណុចស្តុបគងណយ រថយន្តបានបង្អង់ល្បឿនឈប់រងចាំស្តុប។

ភ្លាមនោះ ម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GO-3167 ដែលជិះដោយបុរសរងគ្រោះ បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ហើយមិនបានបង្អង់ល្បឿនទេ ក៏បុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងខ្លាំង។ ការបុកបោកនេះបណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
រថយន្តកុងតឺន័របានបន្តបើករត់ទៅមុខ ហើយត្រូវបានសមត្ថកិច្ចឃាត់បាននៅចំណុចស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គងណយ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកធ្វើការពិនិត្យ និងវាស់វែងកន្លែងកើតហេតុ។ រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាងផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
