ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១៥ ខែធ្នូឆ្នាំ២០២៥ បានទទួលអំណោយពីគណៈកម្មការទី៨ នៃរដ្ឋសភា ដែលមានថវិកា សម្ភារៈ និងម៉ាសការពារសារធាតុពុល សម្រាប់ជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។
សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការទី៨ទាំងអស់ ជាពិសេសលោក សេង ញ៉ក់ និងលោកស្រី ឡោក ខេង ប្រធានគណៈកម្មការ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន និងកៀរគរពីសប្បុរសជននានា។
សម្តេចបានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ និងការរួមគ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ក្នុងការគាំទ្រវីរៈកងទ័ពដែលកំពុងឈរការពារទឹកដី។
អំណោយដែលទទួលបានមានម៉ាសការពារសារធាតុពុលចំនួន៥ពាន់ម៉ាស ស្មើរថវិកា៥ម៉ឺនដុល្លារ និងថវិកាចំនួន៥ម៉ឺនដុល្លារ សរុបជាទឹកប្រាក់១០ម៉ឺនដុល្លារ។
សម្តេចបានគូសបញ្ជាក់ថា នៅក្នុងគ្រាលំបាកនេះ សាមគ្គីភាពជាកក្តាសំខាន់បំផុតដើម្បីតតាំងនឹងចោរឈ្លានពាន។ សម្តេចបានឆ្លើយតបការគិតគូររបស់ថ្នាក់ដឹកនាំកំពូល រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេចបានសូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរបន្តជាថាមពលដ៏រឹងមាំ សម្រាប់ផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព និងវីរៈនគរបាលជាតិក្នុងការបន្តបេសកកម្មការពារទឹកដី។
រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។
ការបរិច្ចាគនេះបង្ហាញពីស្មារតីស្នេហាជាតិ និងការរួមគ្នាក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងប្រឈមមុខនឹងការឈ្លានពានពីទាហានថៃលើអធិបតេយ្យភាពរបស់ខ្លួន។
ដោយ៖ សិលា
