ភ្នំពេញ៖ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ បានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈមានតម្លៃជាច្រើនត្រូវបានវិនាសអស់ នៅវេលាម៉ោង ៦:១៥ នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ មុនពេលភ្លើងឆេះ អ្នកស្រុកបានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះខ្លាំងចេញពីផ្ទះមួយ រួចរាលដាលទៅផ្ទះជិតខាងជាច្រើនទៀត។ ភ្លាមនោះ អ្នកស្រុកបាននាំគ្នាប្រើទុយោទឹក និងបំពង់ពន្លត់ភ្លើងដើម្បីទប់ស្កាត់ជាបណ្តោះអាសន្ន ព្រមទាំងទាក់ទងសុំជំនួយពីសមត្ថកិច្ច។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់កម្លាំងជំនាញបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនរថយន្តពន្លត់ភ្លើងច្រើនគ្រឿងទៅជួយអន្តរាគមន៍។

ក្រោយពីការបាញ់ពន្លត់បានសម្រេច គ្មានអ្នកស្លាប់ ឬរបួសឡើយ ប៉ុន្តែផ្ទះជាច្រើនខ្នង និងសម្ភារៈក្នុងផ្ទះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវពីមូលហេតុឆេះ។
ដោយ៖ ភារ៉ា ដង្កោ
